







ការវាយប្រហាររបស់យោធាសៀមតាមបណ្តោយព្រំដែន រួមមានការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស បានបង្កឱ្យមានរបួសដល់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យមានការភ័យខ្លាចជុំវិញតំបន់ព្រំដែន។ ការវាយប្រហារនេះបានបង្ខំឱ្យមានការជម្លៀសប្រជាជន និងការផ្លាស់ទីលំនៅក្នុងមាត្រដ្ឋានធំ ដោយមានរបាយការណ៍បញ្ជាក់ថា ប្រជាជនជាង៦សែននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេពីតំបន់ព្រំដែន។
ក្នុងអំឡុងការប៉ះទង្គិចនេះ សៀមបានប្រើយន្តហោះប្រយុទ្ធ F-16 ដើម្បីធ្វើការវាយប្រហារតាមអាកាស។ អាជ្ញាធរកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ការវាយប្រហារនេះបានឈានចូលជ្រៅទៅក្នុងទឹកដីកម្ពុជា រួមទាំងតំបន់ខ្លះនៅខេត្តសៀមរាប។ ព្រឹត្តិការណ៍ទាំងនេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបជាតិរបស់កម្ពុជា និងជាបេតិកភណ្ឌវប្បធម៌ពិភពលោក ស្ថិតនៅក្នុងខេត្តសៀមរាប។ បន្ថែមពីនេះទៅទៀត វាក៏បានបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ ក្រៅពីការខូចខាតផ្នែកយោធា ការលុកលុយរបស់សៀមនេះបានបង្កឱ្យមានវិបត្តិ ដូចជាព្រាត់ប្រាសគ្រួសារ បោះបង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែង។
ខាងក្រោមនេះជាកំណត់ហេតុរូបភាពបង្ហាញអំពីការខូចខាតដោយសារការវាយប្រហាររបស់យោធាសៀម។ កម្រងរូបភាពទាំងនេះសរបញ្ជាក់ពីការខាតបង់របស់មនុស្សជាតិបង្កដោយភ្លើងសង្គ្រាម ហើយជំរុញឲ្យភាគីសៀមមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។ សូមចុចលើកាតខាងក្រោមណាមួយ ដើម្បីពិនិត្យរូបភាពបន្ថែម។
ព័ត៌មានដែលបានបង្ហាញនៅលើគេហទំព័រនេះ ត្រូវបានប្រមូលផ្តុំពីប្រភពផ្សេងៗជាច្រើន រួមមាន សារព័ត៌មាន អត្ថបទ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ទោះបីជាយើងខិតខំប្រឹងប្រែងធានាឲ្យមាតិកាមានភាពត្រឹមត្រូវ មានបច្ចុប្បន្នភាព និងអាចទុកចិត្តបាន ក៏ដោយ ក៏យើងមិនអាចធានាបានទាំងស្រុងចំពោះភាពពេញលេញ នៃព័ត៌មានទាំងអស់ដែលបានបង្ហាញឡើយ។ ប្រសិនបើលោកអ្នកមានព័ត៌មានបន្ថែមចង់ចូលរួមរំលែក សូមទាក់ទងមកកាន់យើងខ្ញុំតាមផ្នែក «ការចូលរួមផ្តល់ព័ត៌មាន» ។